ក្រុមដើររកជីថ្នូខ្មោចបុរាណមួយក្រុមគ្នា៥នាក់កំពុងប្រើប្រាស់សារធាតុញៀនត្រូវនគរបាលចាប់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក នៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៣ នៅត្រង់ចំណុចខ្ទមដឺអាតុលចម្ងាយ៥.០០០ម៉ែត្រខាងលិចភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយារណ៍មកនៅត្រង់ចំណុចខ្ទមដឺអាតុលខាងលិចភូមិដូនណូយ ឃុំទ្រាសមានមនុស្សចេញចូលជាប្រចាំ(សង្ស័យប្រើប្រាស់ថ្នាំញៀន) លោកបានចាត់តាំង កម្លាំងចំណុះ អធិការរដ្ឋាននគរបាលស្វាយចេក កម្លាំងនគរបាលប៉ុស្តិ៍រលួស កម្លាំងនគរបាលប៉ុស្តិ៍ស្វាយចេក និងនគរបាលប៉ុស្តិ៍ទ្រាស ចុះល្បាតនៅត្រង់ចំណុចគោលដៅដែលប្រជាជនរាយការណ៍ក៏បានឃើញមនុស្សមួយក្រុមដែលជាក្រុមដើរជីកថ្នូខ្មោចបូរាណរកឡតមកលក់មានគ្នា ០៥ នាក់កំពុងប្រើប្រាស់ផងគ្រឿងញៀន(ជក់ថ្នាំ)ក៏ឃាត់ខ្លួនតែម្តង ។
លោកអធិការបានបញ្ជាក់ថា៖ជនសង្ស័យត្រូវបានឃាត់ខ្លួន១/-ឈ្មោះ សូត្រ សំអៀត ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក ។២/- ឈ្មោះ ទី ណៃ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ។៣/-ឈ្មោះ ថន សឿន ភេទប្រុស អាយុ៣៩នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក។៤/-ឈ្មោះ អិម ឈៀត ភេទប្រុស អាយុ៤៧ឆ្នាំនៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ។៥/-ឈ្មោះ លី វីឆាត ភេទប្រុស អាយុ៣៨ឆ្នាំ នៅតាអុងកើត ឃុំរលួស ស្រុកស្វាយចេក ។
ជាមួយនឹងការឃាត់ខ្លួននេះកម្លាំងនគរបាលរកឃើញមានម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀនចំនួន០៥ កូនថង់, ដបកែឆ្នៃសម្រាប់ជក់០១, ដែកកេះ០១ដើម, បំពង់កែវសម្រាប់ជក់០១ដើមនិងថង់សម្រាប់ច្រកថ្នាំមួយចំនួន ។
ជនសង្ស័យនិងវត្ថុតាងកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕