ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំគណៈកម្មការរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ទីស្តីការក្រសួង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុច សាខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ទីស្តីការក្រសួង នាសាលប្រជុំខេត្តត្បូងឃ្មុំ របស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងធានាឱ្យបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើសកម្មភាពនានាដែលបង្កអសន្តិសុខក្នុងបរិវេណ និងអគារទីស្តីការក្រសួងមហាផ្ទៃ បានជាដាច់ខាត។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម បានលើកយកនូវផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅទីស្តីការក្រសួងមហាផ្ទៃ មកពិនិត្យនិងពិភាក្សាគ្នា ដោយឱ្យជំនាញមួយៗពិនិត្យនិងបញ្ជាក់ថា មានបញ្ហាប្រឈម ឬសំណូមពរអ្វីបន្ថែម ដើម្បីឱ្យការការពារនេះមានសុខសុវត្ថិភាព និងជោគជ័យនៅថ្ងៃបើកឱ្យប្រើប្រាស់ជាផ្លូវការរបស់ទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕