តាមការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ
ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចមហាបវរបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ខណៈពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃឈានចូលជិតមកដល់ នៅរសៀលថ្ងៃទី២៣ ខែតុលា លោក អ៊ុច សាខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ទីស្តីការក្រសួងមហាផ្ទៃ ។
ក្នុងកិច្ចប្រជុំនេះដែរ លោក អ៊ុច សុខុន បានលើកយកនូវផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅទីស្តីការក្រសួងមហាផ្ទៃ មកពិនិត្យនិងពិភាក្សាគ្នា ដោយឱ្យជំនាញមួយៗពិនិត្យនិងបញ្ជាក់ថា មានបញ្ហាប្រឈម ឬសំណូមពរអ្វីបន្ថែម ដើម្បីឱ្យការការពារនេះមានសុខសុវត្ថិភាព និងជោគជ័យនៅថ្ងៃបើកឱ្យប្រើប្រាស់ជាផ្លូវការរបស់ទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ចំណាយថវិការប្រមាណ ៦០ លានដុល្លារអាមេរិក។
អគារទីស្តីការរបស់ក្រសួងមហាផ្ទៃ មានផ្ទៃដីសរុបទំហំ ៥,៦ ហិកតា។ ផ្នែកខាងមុខនៃ អគារនេះ បែទៅទិសខាងកើត ស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេធំៗទាំងបួន ដែលគេហៅថា ទន្លេចតុមុខ។ អាគារទីស្តីការរបស់ក្រសួមហាផ្ទៃ នេះ មានទំហំ ១៥៣ ម៉ែត្រ គុណ ៨៣ ម៉ែត្រ មានកំពស់ ៩ ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ ចំណតរថយន្ត ដែលអាចចតរថយន្ត ក្នុងអគារបានសរុប ចំនួន ៣៣០ គ្រឿង។
ចំណែកឯប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុក ចំនួន៥ លំនាំតាម ប្រាសាទអង្គវត្ត កំពូល៥ ដោយអនុលោមតាមគោលការណ៍សមមាត្រ នៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់ អំពីពន្លឺ ខ្យល់ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុកភាព ស័ក្តិសមជាទីកន្លែងធ្វើការរួម បែបសម័យទំនើបថ្មី៕