អនុប្រធានទី២រដ្ឋសភាកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជកម្ម វប្បធម៌ និងការតភ្ជាប់ប្រជាជននិងប្រជាជន រវាងខេត្តលាវនីង និងកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង មីងយូ អនុប្រធានសភាពិគ្រោះយោបល់នយោបាយប្រជាជនចិននៃខេត្តលាវនីង និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្វាគមន៍ចំពោះ ឯកឧត្តម វ៉ាង មីងយូ ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា ហើយសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតជាមួយគ្នាបន្តទៀត។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសម្តែងការអបអរសាទរ ចំពោះមិត្តចិនដែលបានរៀបចំវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយមានប្រទេសជាសមាជិក និងអង្គការជាច្រើនបានចូលរួម ហើយក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានចូលរួមផងដែរ។ ជាមួយនិងភាពជោគជ័យរបស់មិត្តចិន ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ក្រោមគម្រោងរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនេះ ដែលជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ កម្ពុជាតែងគាំទ្រជានិច្ចចំពោះគំនិតផ្តួចផ្តើមរបស់មិត្តចិន ជាអាទ៍រួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល។
ចំពោះអង្គការនីតិប្បញ្ញត្តិប្រទេសទាំងពីរ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរ ស្ថាប័នទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា និងបន្តខិតខំរួមគ្នា ដើម្បីជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែប្រសើរនាពេលអនាគត។ ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តម បានសម្តែងការគាំទ្រចំពោះរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងជាច្រើននាពេលថ្មីៗនេះ ដែលនឹងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង មីងយូ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម វង សូត ដែលបានអនុញ្ញតឱ្យ ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តម បានសម្តែងនូវមោទនភាពចំពោះប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា ក្នុងនាមជាមិត្តដែកថែម និងជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា តាំងពីឆ្នាំ២០១០មក។
ឯកឧត្តម វ៉ាង មីងយូ បានជម្រាបអំពីខេត្តលាវនីង ដែលជាខេត្តដ៏មានសក្តានុពលរបស់ចិន មានការអភិវឌ្ឍស្ទើគ្រប់វិស័យ រួមមានវិស័យឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងវិស័យអប់រំផងដែរ។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ឯកឧត្តម នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ និងវប្បធម៌ រវាងខេត្តលាវនីង ជាមួយកម្ពុជា ជាពិសេសរវាងខេត្តលាវនីង ជាមួយខេត្តព្រះសីហនុ ដែលជាខេត្តបានចងសម្ព័ន្ធភាពជាមួយគ្នា។
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យ របស់ខេត្តលាវនីង និងគាំទ្រចំពោះការចងសម្ព័ន្ធភាពរវាងខេត្តលាវនីង និងខេត្តព្រះសីហនុ ដែលជាការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ សំដៅសម្រេចបាននូវអត្ថប្រយោជន៍រួមជាច្រើនសម្រាប់ប្រជាជនទាំងសងខាង។
ចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំខេត្តលាវនីងទាំងអស់ និងប្រជាជនខេត្តលាវនីង ព្រមទាំងជូនពរគណៈប្រតិភូទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ៕