នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុញ្ញាតឲ្យ នាយកមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌នៃប្រទេសអាមេនី ចូលជួបសម្តែងការគួរសម ដើម្បីទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពមីន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យ លោក VAGHINAK SARGSYAN នាយកមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌ (CHDE) នៃប្រទេសអាមេនី ចូលជួបសម្តែងការគួរសម ដើម្បីទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពមីន និងស្វែងយល់ពីប្រតិបត្តិការរក្សាសន្តិភាព នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC)។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់របស់គណៈប្រតិភូ ដែលឆ្លៀតមកទស្សនកិច្ចមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អំឡុងពេលអញ្ជើញចូលរួមសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព។
ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បាននាំយកអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដល់គណៈប្រតិភូប្រទេសអាមេនីផងដែរ។
ក្នុងជំនួបនេះ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងនូវបទបង្ហាញអំពីការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា រួមទាំងវីដេអូឯកសារបង្ហាញពីសមិទ្ធិផលរយៈពេល១៧ឆ្នាំ ដែលមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC) សម្រេចបាន។
លោក VAGHINAK SARGSYAN បានកោតសរសើរយ៉ាងខ្លាំងចំពោះមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងកិច្ចការបោសសម្អាតមីន និងការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មស្វែងរកសុខសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ទន្ទឹមនោះ ក្រុមការងារនៃមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌ ក៏បានធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងកិច្ចការងាររបស់CHDE រួមទាំងសកម្មភាពចូលរួមបេសកកម្មជាមួយកម្លាំងមួកខៀវកម្ពុជា នៅសាធារណរដ្ឋលីបង់ផងដែរ។
ក្នុងនាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ លោក VAGHINAK SARGSYAN និងក្រុមការងារនៃមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌ (CHDE) ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពមីន និងសិក្សាស្វែងយល់ពីប្រតិបត្តិការរក្សាសន្តិភាព នៃ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC) ៕