ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ សមាជិកគណៈកម្មការ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះធ្វើឡើងដើម្បីត្រួតពិនិត្យការងារពាក់ព័ន្ធនានា ដែលត្រៀមសម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់ថា តាមការគ្រោងទុកអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នឹងត្រូវបានរៀបចំធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់បន្ថែមថា អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ត្រូវបានប្រសិទ្ធនាមថ្មីថា “វិមានវរៈជ័យ” ដែលទទួលបានគោលការណ៍ផ្លូវការដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែក្រសួងមហាផ្ទៃ បានកំពុងគោរពស្នើសុំគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលបន្តទៀត។
ជាមួយគ្នានោះ ឯកឧត្តម សន្តិបណ្ឌិត បានណែនាំដល់អនុគណៈកម្មការទាំងអស់ដែលជាចំណុះគណៈកម្មការរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ ឱ្យខិតខំរៀបចំការងារពាក់ព័ន្ធទាំងឡាយឱ្យបានរួចរាល់តាមការគ្រោងទុក ស្របតាមផែនការដែលថ្នាក់ដឹកនាំបានប្រគល់ជូននូវតួនាទីភារកិច្ចទទួលខុសត្រូវ។
ឯកឧត្តម សន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ពិធីសម្ពោធនេះត្រូវតែរៀបចំឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយបំផុត ធ្វើយ៉ាងណាឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយមហាកិត្តិយឱ្យសមទៅនិងមុខមាត់ និងអគារដ៏ស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃនេះ៕