នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុញ្ញាតឲ្យ មន្រ្តីអង្គការសហប្រជាជាតិសម្រាប់រៀបចំគម្រោងហ្វឹកហ្វឺនត្រីភាគី អ.ស.ប ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យ លោក Julian Otinkorang មន្រ្តីអង្គការសហប្រជាជាតិសម្រាប់រៀបចំគម្រោងហ្វឹកហ្វឺនត្រីភាគី អ.ស.ប ចូលជួបពិភាក្សាការងារ ដើម្បីរាយការណ៍ពីបច្ចុប្បន្នភាពនៃការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អ.ស.ប។
គម្រោងនេះ នឹងចាប់ផ្តើមបើកវគ្គហ្វឹកហ្វឺននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងផ្តោតសំខាន់ទៅលើការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្រោមកិច្ចសហការឧបត្ថម្ភសាធារណរដ្ឋកូរ៉េ អ.ស.ប និងកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ លើកិច្ចសហប្រតិបត្តិការមួយនេះ ដែលជាវគ្គហ្វឹកហ្វឺនល្អមួយ សម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះលើគម្រោងត្រីភាគីនាឆ្នាំ ២០២៤-២០២៥។ ទន្ទឹមនោះ កម្ពុជា ក៏នឹងបើកវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-ជប៉ុន-អ.ស.ប ដែលមានប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនចូលរួម។ ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើពាក្យពេចន៍សួរសុខទុកលោកឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
លោក Julian Otinkorang បានសម្តែងភាពរីករាយជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីមួយនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានអរគុណដល់កម្ពុជា សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់លើគម្រោងនេះ ដ្បិតសិក្ខាកាមដែលចូលរួមវគ្គហ្វឹកហ្វឺននេះ នឹងប្រើប្រាស់ចំណេះជំនាញទាំងអស់ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ៕