គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំកិច្ចប្រជុំ ប្រចាំត្រីមាសទី១ និងទី២ នៃយន្តការសម្របសម្រួលការកែទម្រង់៣បូក១
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៣ នៃយន្តការសម្របសម្រួលការកែទម្រង់ ៣បូក១ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា ប្រធានស្ដីទី លេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ចាន់ សុធា ប្រធានស្ដីទី លេខាធិការដ្ឋាន គ.ជ.អ.ប. បានលើកឡើងថា ដោយមានការសម្របសម្រួល និងឯកភាពកម្រិតថ្នាក់ដឹកនាំ នៃលេខាធិការដ្ឋានកែទម្រង់ទាំង៤ កិច្ចប្រជុំថ្ងៃនេះគឺជាកិច្ចប្រជុំលើកទី១សម្រាប់ឆ្នាំ២០២៣ ដើម្បីបូកសរុប និងវាយតម្លៃវឌ្ឍភាពការងារសម្រាប់រយៈពេល៦ខែ បន្ទាប់ពីការដាក់ឱ្យប្រើជាផ្លូវការនូវឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់៣ បូក១ នៃរាជរដ្ឋាភិបាល»។
ឯកឧត្តមបានបន្ថែមថា ក្រៅពីវឌ្ឍភាពការងារ កិច្ចប្រជុំនេះក៏ធ្វើឡើងក្នុងគោលបំណងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ពោលគឺការររៀបចំសកម្មភាពបន្ត និងគម្រោងនៃការអនុវត្តសកម្មភាពទាំងនោះរបស់លេខាធិការដ្ឋាននៃកំណែទម្រង់ទាំង៤។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានថ្លែងអំណរគុណចំពោះលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបានផ្ដួចផ្ដើមឲ្យមានការសម្របសម្រួល និងរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីឈានទៅសម្រេចបាននូវកិច្ចការងារស្ដីពី សុខដុមនីយកម្មការកែទម្រង់ ៣ បូក១ ។
ឯកឧត្តម បានលើកឡើងថា បើទោះជាការរៀបចំតាក់តែងឯកសារស្ដីពី ចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពីសុខដុមនី យកម្មការកែទម្រង់ ៣បូក១ ត្រូវបានធ្វើឡើងមុនរាជរដ្ឋាភិបាលអាណត្តិទី៧ ឯកសារនេះនៅតែមានតម្លៃជាគោលនយោបាយ និងមានតម្លៃអនុវត្តបន្តទៀត។
ឯកឧត្តមបានស្នើឲ្យមានការបង្កើន និងគាំទ្រសកម្មភាពផ្សព្វផ្សាយឲ្យមានភាពស៊ីជម្រៅ និងទូលំទូលាយ សំដៅលើកកម្ពស់ការយល់ដឹងទៅលើការងារការកែទម្រង់ ៣បូក១នេះដែលជាចក្ខុវិស័យផ្សារភ្ជាប់ជាមួយនឹងសកម្មភាពជាក់ស្ដែង។
នៅក្នុងកិច្ចប្រជុំនេះ តំណាងលេខាធិការដ្ឋាននៃកំណែទម្រង់នីមួយៗ បានធ្វើបទបង្ហាញស្ដីពីលទ្ធផលនៃការអនុវត្តសកម្មភាពត្រីមាសទី១ និងទី២ និងផែនការសកម្មភាពសម្រាប់ត្រីមាសទី៣ និងទី៤ នៃឯកសារ «ចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពីសុខដុមនី យកម្មការកែទម្រង់ ៣បូក១ នៃរាជរដ្ឋាភិបាល» ព្រមទាំងមានការពិភាក្សាលើវឌ្ឍនភាព និងផែនការសកម្មភាពទាំងនោះ ក៏ដូចជាការកំណត់ពេលសម្រាប់ប្រជុំលើកទី២បន្ត និងអ្នកទទួលវេនដឹកនាំកិច្ចប្រជុំបន្តទៀតផងដែរ។
គួរជម្រាបថា ចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពីសុខដុមនី យកម្មការកែទម្រង់ ៣បូក១ មានគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ដោយយកសមិទ្ធផល និងបទពិសោធកន្លងមកធ្វើជាមូលដ្ឋានឆ្ពោះទៅសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយត្រូវឆ្លើយតបទៅនឹងសភាពការណ៍វិវត្តន៍នៃបរិបទសកលលោក។ ការកែទម្រង់៣បូក១នេះ គឺជាការកែទម្រង់ដែលមានលក្ខណៈជាប្រព័ន្ធដែលមានសមាសភាពនៃកម្មវិធីកំណែទម្រង់សំខាន់ចំនួន៤គឺ៖ ១. កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ២. កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ៣. កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ, និង៤. កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌៕