ឯកឧត្តម ឈួរ សុបញ្ញា ដឹកគណៈប្រតិភូក្រសួងមុខងារសាធារណ: គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប្រាក់ វណ្ឌឌី នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានដឹកគណៈប្រតិភូចូលរួមសម្តែងមរណ:ទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ឌឌី នាយរងសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីព្រឹក ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០៖១០នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គឺជាការបាត់បង់ដ៏គួរឱ្យសោកស្តាយនូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ និងព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី រួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ។
ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយលោកជំទាវ ជឹម ម៉ានី និងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕