សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យប្រធានពេទ្យ ទាំងអស់ យកចិត្តទុកដាក់ ឱ្យបានខ្ពស់ចំពោះអ្នកជំងឺ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មន្ទីរពេទ្យ គឺជាកន្លែងសង្គ្រោះជីវិតអ្នកជំងឺ ជាទីពឹងរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ក៏ស្នើឱ្យប្រធានពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ ឱ្យបានខ្ពស់ចំពោះអ្នកជំងឺ នៅគ្រប់កន្លែងទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
សម្ដេចធិបតី មានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ តែងយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ក៏បានអំពាវនាវដល់វិស័យឯកជន អាជីវករលក់ថ្នាំ និងចំណីអាហារ ចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់គុណភាពផលិតផល និងចំណីអាហាររបស់ខ្លួន ៕