សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបពីបំណងចង់បានកូនទី៤
ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» នាថ្ងៃទី២៤ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីបំណងចង់បានកូនទី៤ ម្នាក់ទៀត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមអរគុណណាស់ចំពោះការចូលរួមរបស់បងប្អូនទាំងអស់ ហើយនេះគឺជាអ្វីដែលប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋគោលដៅដែលអ្នកមានជីវភាពលំបាក និងអ្នកដែលងាយរងហានិភ័យជាគោលដៅដែលត្រូវបន្តជួយ ហើយក្នុងការទទួលនោះគឺយើងទទួលបានការគាំពារសុខភាព ពីរាជរដ្ឋាភិបាលដោយមិនគិតថ្លៃ ដែលរួមមាន៖ សេវាពិគ្រោះជំងឺក្រៅ សេវាពន្យាកំណើត សេវាសម្រាកព្យាបាលនៅពេទ្យ សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលវះកាត់តូច វះកាត់ធំ និងសម្រាលកូន ហើយខ្ញុំចង់ឱ្យប្រជាជន យើងមានកូនឱ្យច្រើនបន្តិច ព្រោះយើងមានត្រឹម ១៧លាននាក់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ចំពោះបញ្ហានាពេលនេះចំនួនប្រជាជននៅតំបន់ទីប្រជុំជន អត្រាកំណើតមានទាបមានត្រឹមជាង១% ហើយការនិយាយនេះដើម្បីចង់ចរចារ ចង់ចរចារយកអាទី៤ដែរ តែមិនបានទេ បើបានទី៤ យើងថែមពី ៣ ទៅ៤ អាចទាញមធ្យមភាគឡើង ឥលូវយើងចរចារដាច់ដោយឡែកចរចារអស់លទ្ធភាពហើយ មានតែចរចារនៅក្នុងវេទិកាសាធារណៈ» ៕