ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច កាលពីព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនោះ ឯកឧត្តមរដ្ឋមន្រ្តី សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ជឹម ម៉ានី ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប្រាក់ វណ្ណឌី កាលពីព្រឹកថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:១០នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។
នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមចូលរួមរំលែកនូវសមានទុក្ខក្រៀមក្រំ និងសោកស្ដាយស្រណោះអាឡោះអាល័យ យ៉ាងក្រៃលែងចំពោះមរណភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប្រាក់ វណ្ណឌី ដែលជាឥស្សរជនមួយរូប ប្រកបដោយគុណសម្បត្តិល្អ ឆ្នើម ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ។
ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី សូមឆាប់បានចាប់បដិសន្ធិយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕