បុរសម្នាក់ក្រោយ ពេលបាយថ្ងៃត្រង់រួចឈ្លាតដើរ បេះបន្លែព្រៃបែរជួបគ្រោះអកុសល
ភ្នំពេញ៖ គួរឲ្យអាណិតពន់ពេកបុរសម្នាក់ ក្រោយពេលហូបបាយថ្ងៃត្រង់រួចក៏ឈ្លាតដើរ បេះបន្លែព្រៃក៏ជួបគ្រោះអកុសលជាន់មីន ផ្ទុះកក្រើកព្រៃផ្អើលដល់កងកម្លាំងនគរបាល ការពារព្រំដែននិងយោធានៅក្បែរនោះ ។ ហេតុការណ៍គ្រោះថ្នាក់ដោយសារមីននេះ បានកើតឡើងនៅវេលាម៉ោង១និង២១នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ លោកវរសេនីយ៍ឯក ឡុង សំណាង បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ចន ជុង ភេទប្រុស ឣាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខរបរជាកសិករ ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានឈ្លាតដើររកបេះបន្លែរព្រៃ រកដកផ្សិត និងជីកទំពាំង បានជាន់ផ្ទុះមីនបណ្តាលឲ្យដាច់ជើងឆ្វេង ។ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ បានសហការជាមួយកម្លាំងយោធា (ក.អ.ធ.ទី១សឹករងស្រុកថ្មពួក) ចុះទៅពិនិត្យកន្លែងមីនផ្ទុះ និងបានចូលទៅជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយនាំគ្នាយកអង្រឹងសែងដាក់រថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
ទាក់ទិននឹងករណីគ្រោះថ្នាក់មីននេះ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដើររកអនុផលព្រៃឈើកុំឲ្យចូលព្រៃដែលសង្ស័យថាមានមីនឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ឲ្យសោះនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឬក៏រងរបួសជាដើម ៕