ភ្លៀងនិងបន្តធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
ក្រសួងបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួុយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០% ទៅ ៦០%។
ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%៕