ឯកឧត្តម សៀក សុជាតិ ដឹកនាំប្រជុំគណៈកម្មាការចំពោះកិច្ច ដើម្បីពិភាក្សាពង្រឹងវិធានការរបស់រាជរដ្ឋាភិបាលទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់
ភ្នំពេញ៖ គណៈកម្មាការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារទី២ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងការពារជាតិ ដើម្បីពិភាក្សាពង្រឹងវិធានការរបស់រាជរដ្ឋាភិបាលទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងបន្តចុះត្រួតពិនិត្យការអនុវត្តការងាររបស់សមត្ថកិច្ចពាក់ព័ន្ធតាមច្រកទ្វារព្រំដែន ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានក្រុមការងារទី២ និងមានការចូលរួមពី ឯកឧត្តម អនុប្រធាន និងសមាជិកក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច ជាច្រើនរូបទៀត។
ឯកឧត្តម សៀក សុជាតិ បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជួយសម្រួលដល់ការឆ្លងកាត់ព្រំដែន របស់ប្រជាពលករ ធានាឱ្យបាននូវភាពស្របច្បាប់ប្រកបដោយសុវត្ថិភាព និងដាក់ទិសដៅបន្តចុះត្រួតពិនិត្យតាមបណ្តាច្រកទ្វារព្រំដែនស្ថិតក្នុង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ អនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការចំពោះកិច្ច។ កិច្ចប្រជុំក៏បានដាក់ចេញនូវទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដើម្បីជួយសម្របសម្រួលដល់ពលករ ក្នុងការឆ្លងដែនប្រកបដោយសុវត្ថិភាព និង ភាពស្របច្បាប់។
ឯកឧត្តម សៀក សុជាតិ បានបញ្ជាក់បន្ថែមថាបន្តសហការជាមួយភាគីថៃ ដើម្បីប្រជុំពិភាក្សាទាក់ទងទៅនឹងការសម្របសម្រួល ពលករឆ្លងដែន ដើម្បីឱ្យពលករបានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អប្រសើរនៅតាមច្រកទ្វារព្រំដែន។ ឯកឧត្តមបានបន្តថា បន្តធ្វើការប្រជុំពិភាក្សាមួយភាគីថៃបន្តទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរវាងខេត្ត និងខេត្តដែលជាប់ព្រំដែន។
ឯកឧត្តម សៀក សុជាតិ ក៏បានសំណូមពរដល់អភិបាលខេត្តដែលជាប់ព្រំដែនទាំងអស់ ត្រូវពង្រឹងយន្តការ សហការជាមួយភាគីមិត្តឱ្យបានល្អ ជៀសវាងកុំអោយមានបញ្ហា ឬហានិភ័យដល់ពលករកម្ពុជា។ ក្នុងនោះក៏មានការពង្រឹងដល់ជួរស្ថាប័ន និង កងកម្លាំងប្រដាប់អាវុធតាមព្រំដែន ក៏ដូចជាស្ថាប័នឈរជើងតាមបណ្តាច្រកទ្វារអន្តរជាតិ ដើម្បីជួយសម្រួលការងារនេះកុំអោយមានការកកស្ទះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ៕