សម្តេចតេជោ៖ កិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាបក្សប្រជាជនជាមួយបក្ស ២៧ មានចំណុចតម្រូវ ឲ្យមានការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា នៅក្នុងកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត មានចំណុចដែលតម្រូវឱ្យរួមគ្នា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ក្នុងឱកាសអញ្ជើញជាអធិបតីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បញ្ហាដែលយើងត្រូវនិយាយនៅទីនេះ យើងត្រូវនិយាយអំពីការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហេតុអីបានយើងត្រូវនិយាយកន្លែងនេះ ឯកឧត្តម លោកជំទាវ ច្បាស់ជាដឹងហើយថា ២ ៣ឆ្នាំមុននេះ មានអ្នកហ៊ានទាមទារឱ្យព្រះមហាក្សត្រចុះចេញពីរាជបល័្លង្ក តើនោះជាអ្វី?»។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «នៅក្នុងកិច្ចព្រមព្រៀងនេះបានដាក់ចេញក្រោមពាក្យថា ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ក្នុងនោះក៏បាននិយាយអំពីបញ្ហាទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារបញ្ហាសិទ្ធមនុស្ស គោរពច្បាប់ផ្សេងៗ ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាការពារប្តូរផ្តាច់នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្ររបស់យើង»។
សូមបញ្ជាក់ដែរថា គណបក្សនយោបាយទាំង២៨ ដែលនឹងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នានេះរួមមាន៖ ១៖ គណបក្សប្រជាជនកម្ពុជា ២៖ គណបក្សខ្មែររួបរួមជាតិ ៣៖ គណបក្សពន្លឺថ្មី ៤៖ គណបក្សសញ្ជាតិកម្ពុជា ៥៖ គណបក្សខ្មែរក្រោក ៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧៖ គណបក្សរស្មីខេមរា ៨៖ គណបក្សខ្មែរសាធារណរដ្ឋ ៩៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១០៖ គណបក្សយុវជនកម្ពុជា ១១៖ គណបក្សធម្មាធិបតេយ្យ ១២៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៣៖ គណបក្សខ្មែរតែមួយ ១៤៖ គណបក្សឯកភាពជាតិខ្មែរ ១៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ ១៦៖ គណបក្សកសិករ ១៧៖ គណបក្សស្ត្រីដើម្បីស្ត្រី ១៨៖ គណបក្សបំណងពលរដ្ឋ ១៩៖ គណបក្សខ្មែរអភិរក្ស ២០៖ គណបក្សមហាសាមគ្គីជាតិខ្មែរ ២១៖ គណបក្សនគរប្រជាធិបតេយ្យ ២២៖ គណបក្សអំណាចប្រជាពលរដ្ឋ ២៣៖ គណបក្សខ្មែរអង្គរ ២៤៖ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ២៥៖ គណបក្សម៉ូលីណាកា ២៦៖ គណបក្សចលនាប្រជាធិបតេយ្យ ២៧៖ គណបក្សអភិវឌ្ឍន៍កម្ពុជា ២៨៖ គណបក្សមហានគរ។
ការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងបណ្ដាគណបក្សនយោបាយផ្សេងទៀតនេះ ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ និងដើម្បីប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយសំដៅធានាឲ្យបានភាពសុខសាន្ដ និងការអភិវឌ្ឍន៍ប្រទេសរយៈពេលយូរអង្វែង៕