សម្តេចតេជោ ហ៊ុន សែន៖ ចលនា៩វិច្ឆិកា វាជាអំពើក្បត់ជាតិដ៏ធំ ដែលយើងមិនអាចអត់ឱនទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសមិនអត់ឱនឱ្យ ក្រុមអ្នកធ្វើចលនាបដិវត្តន៍ពណ៌នៅកម្ពុជានោះឡើយ ជាពិសេស មេដឹកនាំចលនា ៩វិច្ឆិកា។
ក្នុងពិធីចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយ២៧ផ្សេងទៀត នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកម្លាំងគណបក្សនយោបាយ ដែលចូលរួមជាមួយកម្លាំងជាតិនេះ ត្រូវតែការពារសន្តិភាព និងការអភិវឌ្ឍរបស់ជាតិឱ្យបាន។
សម្តេចបញ្ជាក់ថា «ចលនា៩វិច្ឆិកា វាជាអំពើក្បត់ជាតិដ៏ធំ ដែលយើងមិនអាចអត់ឱនទេ តុលាការនៅតែបន្តកាត់ទោសក្រុមនេះ តើការបំផុសឱ្យមនុស្ស ឱ្យកងកម្លាំងប្រដាប់អាវុធ ផ្តួលរំលំរាជរដ្ឋាភិបាល ហើយឈានមកចាប់នាយករដ្ឋមន្រ្តី តើនេះជាសិទ្ធិបញ្ចេញមតិ ឬជាការប្រកាសសង្គ្រាម?»។
សម្តេចបន្ថែមថា «ចលនាយើងពេលនេះ ជាចលនាមួយដ៏ខ្លាំង ហើយយើងមិនផ្តល់ឱកាសឱ្យនរណាមួយ ធ្វើសកម្មភាពបំផ្លាញសន្តិភាពនេះទេ គណបក្សប្រជាជនតែឯង មិនគ្រប់គ្រាន់ទេ សម្ធ័នភាពរបស់យើងនេះសំដៅការពារនូវសន្តិភាព ដែលយើងរកបានដោយលំបាក ហើយសន្តិភាពនោះហើយ ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម» ៕