សម្តេចតេជោ៖ ស្មារតីនៃសម្ព័ន្ធភាពរវាងបក្សប្រជាជន និងបក្ស២៧ទៀត គឺបើកទូលាយឲ្យបក្សផ្សេងទៀត បានចូលរួមក្នុងសម្ព័ន្ធភាពនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះបានថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយ ២៧ផ្សេងទៀត គឺបើកទូលាយឱ្យគណបក្សនយោបាយផ្សេងទៀត បានចូលរួមក្នុងសម្ព័ន្ធភាព។
ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នាថ្ងៃទី២៥ ខែតុលា សម្តេចតេជោបញ្ជាក់ឲថា «អ៊ីចឹងចំណុចនេះមិនអត្តនោម័តដោយគណបក្សប្រជាជនតែឯងសម្រេចឱ្យចូលឬមិនឱ្យចូលទេ សិទ្ធិនេះត្រូវសម្រេចនៅក្នុងចំណោមបក្សនយោបាយទាំង២៨ តើយើងត្រូវយកសំឡេងឬ៥០បូក១ ឬយកសំឡេង២ភាគ៣ ក្នុងការសម្រេចឱ្យគណបក្សដែលសុំចូលរួមថ្មី។ វាមិនមែនសម្រេចលើគណបក្សប្រជាជនម្នាក់ឯងត្រូវតែឱ្យចូលទេ គណបក្សដែលចូលរួមនេះ ត្រូវសម្រេចដោយកង់សង់ស៊ីស ឬសម្រេចដោយសំឡេងភាគច្រើនបូក១ ឬត្រូវសម្រេចដោយសំឡេង២ភាគ៣»។
បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ សម្តេចតេជោ បានណែនាំឱ្យមានការរៀបចំបទបញ្ជាផ្ទៃក្នុងមួយទៀតផង។ គណបក្សប្រជាជនកម្ពុជា នឹងបញ្ជូនប្រធានគណៈចាត់តាំងរបស់គណបក្សធ្វើជាអ្នកតាក់តែងបទបញ្ជាផ្ទៃក្នុង ហើយសូមឱ្យគណបក្សនានារៀបចំចាត់បញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងការរៀបចំបទបញ្ជាផ្ទៃក្នុងនេះផងដែរ។
បទបញ្ជាផ្ទៃក្នុងនេះ នឹងរួមបញ្ចូល ទាំងការជួបប្រជុំ ទីតាំងជួបជុំ និងរយៈពេលជួបប្រជុំជាដើម ៕