ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងបង្កើតរោងចក្រ ៤ទៀត មានទុនវិនិយោគ ១៣លានដុល្លារ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៤កន្លែងបន្ថែមទៀត ដែលមានទុនវិនិយោគ ១៣លានដុល្លារអាមេរិក ។
យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៧ តុលា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD.” បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។
២- “ក្រុមហ៊ុន METENDA METAL (CAMBODIA) CO., LTD.” បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។
៣- “ក្រុមហ៊ុន HUANDA COCOA FOOD CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២កន្លែង។
៤- “ក្រុមហ៊ុន HAINING NUOHE NEW MATERIAL CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគ ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៤កន្លែង ៕