ឯកឧត្តម សុខ សុភ័ក្ត្រ ចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រីពាណិជ្ជកម្ម (ថ្នាក់អនុរដ្ឋមន្ដ្រី) របស់អង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ
ភ្នំពេញ៖ កាលពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ដ្រីក្រសួងពាណិជ្ជកម្មនិងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្ដរជាតិពាក់ព័ន្ធសេដ្ឋកិច្ចពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រីពាណិជ្ជកម្ម (ថ្នាក់អនុរដ្ឋមន្ដ្រី) របស់អង្គការ WTO ដែលមានការចូលរួមពីប្រទេសជាសមាជិក ១៦៤ និងប្រទេសសង្កេតការណ៍មួយចំនួន ដែលមានសមាជិកចូលរួមប្រហែល១០០០ នាក់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំនេះមានគោលបំណងធ្វើការពិនិត្យ និងជំរុញការអនុវត្ត ឬចរចាបញ្ហា ដែលនៅសេសសល់ពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ ព្រមទាំងផ្ដល់ការណែនាំផ្នែកនយោបាយ សម្រាប់ត្រៀមរៀបចំរបៀបវារៈនៃកិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាពេលខាងមុខ។
កិច្ចប្រជុំបានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗ ដូចជា កសិកម្មនិងសន្តិសុខស្បៀង, ពាណិជ្ជកម្មនិងការអភិវឌ្ឍ, កំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទពាណិជ្ជកម្ម, ការចរចាកិច្ចព្រមព្រៀងស្ដីពីឧបត្ថម្ភធនលើកទី២, ពាណិជ្ជកម្មនិងនិរន្តរភាពបរិស្ថាន និងពាណិជ្ជកម្ម និងគោលនយោបាយឧស្សាហកម្ម និងពាណិជ្ជកម្ម ផងដែរ ៕