សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យស្ថាប័នពាក់ព័ន្ធ សិក្សាឲ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ ដោយទឹកជំនន់ទៅថ្ងៃអនាគត
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំស្ថាប័នពាក់ព័ន្ធ សិក្សាឲ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ ដោយទឹកជំនន់ទៅថ្ងៃអនាគត នៅតំបន់ណាដែលអាចកាត់បន្ថយ ឬបញ្ចៀសបាន ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័ន ពាក់ព័ន្ធ ដែលបានអន្តរាគមទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និង បានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។
សម្ដេចធិបតី ក៏បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការខូចខាតដោយទឹកជំនន់ និងផ្ដល់ស្រូវពូជដល់ប្រជាកសិករដើម្បីចាប់ផ្ដើមការដាំដុះឡើងវិញ ៕