ឆ្នាំ២០២៤ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ៨ពាន់លានដុល្លារ សម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គ្រោងចំណាយថវិកាជាតិចំនួន ៣៤ ៤៩៧ ប៊ីលានរៀល (ប្រហាក់ប្រហែលជាង ៨ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៤ ។
យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ តុលា បានបញ្ជាក់ថា «នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀល ក្នុងនោះ ថវិកាចំណាយនៅថ្នាក់ជាតិ ឆ្នាំ២០២៤ មាន ចំនួន ៣៤ ៤៩៧ ប៊ីលានរៀល ត្រូវជា ២៤,១៣% នៃ ផ.ស.ស. ថយចុះ ៥,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងចំណាយនៅថ្នាក់ក្រោមជាតិ មានចំនួន ៤ ៣៣២ ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១,៧% ន ចំណាយថវិការដ្ឋសរុប ត្រូវជា ៣,០៣% នៃ ផ.ស.ស. កើនឡើង ៦,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣»។
វិស័យសង្គមកិច្ចនៅតែជាអទិភាព ក្នុងការចំណាយ ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។
ថវិកាឆ្នាំ ២០២៤ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ សម្រាប់ឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបនឹងបញ្ហា ប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើង ដោយប្រកាន់យកនូវជំហាន នៃការអនុវត្ត គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ មនុស្ស សមត្ថភាព ស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ហើយអាច ប្រសិទ្ធនាមបានថា ជាថវិកាយុទ្ធសាស្ត្រ នៃការរក្សាសមិទ្ធផល ដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះ ថ្មីៗ ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕