រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការអភិវឌ្ឍមិនឈប់ឈរឡើយ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ កាន់តែរីកចម្រើនសម្បូរបែប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងធ្វើការអភិវឌ្ឍមិនឈប់ឈរឡើយ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ កាន់តែរីកចម្រើនសម្បូរបែប។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន ១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៨ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «យើងមិនចង់បានត្រឹមតែប៉ុណ្ណឹងទេ ចង់បានក្មួយៗកាន់តែសម្បូរបែប ប្រាក់ខែគាត់កាន់តែកើនខ្ពស់ជាងឪពុក ម្តាយ លទ្ធភាពកាន់តែខ្ពស់ ។ អញ្ចឹងបានការអភិវឌ្ឍគឺនឹងធ្វើមិនឈប់ឈរ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយើងកាន់តែរីកចម្រើនសម្បូរបែប ហើយជំនាន់បងប្អូន ជំនាន់កូនចៅបងប្អូនកាន់តែសម្បូរបែប»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា លទ្ធភាព និងសមត្ថភាពរបស់កម្មករ និយោជិត ឬកម្លាំងផលិតរបស់យើង ត្រូវបានលើកកម្ពស់ដោយអាចបង្កើនគុណភាពនៃការផលិតប្រកបដោយភាពទាក់ទាញ ដូចនេះ ទើបផលិតផលម៉ាកល្បីៗបានមកបណ្តាក់ទុនវិនិយោគ និងបង្កើតរោងចក្រ ដើម្បីផលិតទំនិញនាំចេញទៅក្រៅប្រទេស។ យើងមានធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ ស្ពាន ទឹក ភ្លើង និងការបង្កលក្ខណៈផ្សេងៗ ដែលធានាដល់ប្រក្រតីភាពនៃសង្វាក់ផលិតកម្ម និងអាចផលិតទៅតាមផែនការកំណត់ និងស្របតាមតម្រូវការ។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីអត្ថន័យនៃការអភិវឌ្ឍ និងទស្សនៈនៃការអភិវឌ្ឍ ដោយបានផ្តល់និយមន័យថា ការអភិវឌ្ឍ គឺជាការធ្វើឱ្យប្រជាជនមានបាន ហើយធ្វើឱ្យកន្លែងមួយមានតម្លៃកើនឡើង និងក្លាយជាទីតាំងដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនឱ្យបានកាន់តែច្រើនគ្នា។ ឧទាហរណ៍ជាក់ស្តែង ការបង្កើតផ្សារអ៊ីអន គឺបានកែប្រែដីទំហំ ១៧ ហិកតា ឱ្យក្លាយជាមូលដ្ឋានដែលបង្កើតបាននូវផលប្រយោជន៍ច្រើនសម្រាប់ប្រជាជន ជាពិសេសតាមរយៈឱកាសការងារ និងឱកាសទីផ្សារសម្រាប់អាជីវកម្មដ៏សម្បូរបែប។ សរុបមក ការអភិវឌ្ឍពិតប្រាកដ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺការខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្តល់ផលប្រយោជន៍ ពង្រីកផលប្រយោជន៍ និងថែរក្សាផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ចំនួន ១៧ លាននាក់ ដែលជាម្ចាស់អំណាច ៕