នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជា បណ្តុះធនធានមនុស្ស លើគ្រប់វិស័យទាំងអស់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺធ្វើតាមបន្ទាត់នយោបាយ របស់បក្សនយោបាយពីអាណត្តិមុនៗ ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ តាមរយៈការជួយបណ្តុះធនធានមនុស្សលើគ្រប់វិស័យទាំងអស់ ។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស៣២ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៨ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «គោលនយោបាយដែលយើងដាក់ចេញ និងធ្វើកិច្ចការងារនៅក្នុងអាណត្តិទី៧នេះ គឺធ្វើតាមបន្ទាត់នយោបាយរបស់គណបក្សនយោបាយពីអាណត្តិមុនៗ ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋយើង ជាពិសេសកម្មករ-កម្មារិនី ដែលជាកម្លាំងមួយដ៏ធំ នៅក្នុងវិស័យឧស្សាហកម្មរបស់យើង ក្រៅពីនោះក៏មិនមែនតែក្នុងវិស័យឧស្សាហកម្ម កាត់ដេរ វាយនភណ្ឌនោះដែរ វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យធនាគារ និងវិស័យផ្សេងៗទៀត»។
សម្តេចធិបតីថា ការធ្វើដូចនេះដើម្បីពង្រឹង និងជម្រុញបន្ថែមទៀត ព្រោះយើងត្រូវតែធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋត្រូវតែមានម្ចាស់ការ ប្រទេសកម្ពុជាត្រូវតែមានម្ចាស់ការ ព្រោះតែប្រជាពលរដ្ឋត្រូវតែមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ចគ្រប់ទាំងអស់វិស័យទាំងអស់ តាមរយៈការបណ្តុះបណ្តាលឱ្យមានជំនាញច្បាស់លាស់លើគ្រប់វិស័យ ៕