អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងចែកស្បៀងអាហារដល់កីឡាករអុំទូកជិត២ពាន់នាក់ ដើម្បីត្រៀមចូលរួមប្រកួតនារសៀលនេះ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ទៅកាន់កីឡាករអុំទូក ថា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំនេះ ឲ្យបានល្អជាងឆ្នាំមុន ដោយមានកីឡាករអុំទូកចូលរួមមានទូកចំនួន ៥៦ទូក កីឡាករ ចំនួន ១,៦៦៤នាក់ ម្រុង ៣២៦នាក់ ទូកវែង ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិចំនួន ៣០ទូក ទូកផ្កាចារចំនួន ២០ទូក ហើយទីកន្លែងស្នាក់នៅរបស់កីឡាករបែងចែកមាន ៥ទីតាំងផ្សេងគ្នា។ ដូច្នេះ កីឡាករទាំងអស់ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង អោយបានល្អ កុំមានការប្រទូសសារាយគ្នាពីស្រុកមួយ ទៅស្រុកមួយក្នុងពេលអុំទូក ទោះបីអុំទូកឈ្នះ ឬចាញ់ គឺសូមអោយមានសេចក្តីសុខទាំងអស់គ្នា។ ហើយនៅពេលអុំទូកពេលរសៀលនេះ កីឡាករទាំងអស់ ត្រូវពាក់ឯកសណ្ឋានដែលបានចែកជូនឲ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់សោភ័ណភាព ឲ្យកាន់តែស្រស់ស្អាតថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាល និងចែកស្បៀងអាហារដល់កីឡាករអុំទូក១,៦៦៤នាក់ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា កីឡាករទាំអស់ ត្រូវគោរពវិន័យ និងអនុវត្តអោយបានល្អ តាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងទូក ត្រូវថែទាំសុខភាពអោយបានល្អ ពេលមានបញ្ហាសុខភាព ត្រូវទៅព្យាបាលជាមួយក្រុមគ្រូពេទ្យដែលប្រចាំការអោយបានទាន់ពេលវេលា។ ក្នុងពេលសំរាកស្នាក់នៅ និងក្រោយពេលស្នាក់នៅត្រូវមានអនាម័យល្អ និងបោសសំអាតទីកន្លែងស្នាក់នៅអោយបានស្អាត មុនពេលត្រឡប់ទៅមូលដ្ឋានវិញ ៕