សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលះបង់របស់បងប្អូនប្រតិបត្តិករដោះមីន គឺធំធេងណាស់ ហើយបានផ្តល់មកវិញនូវសុភមង្គលដល់ប្រទេសជាតិរបស់យើង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការលះបង់របស់បងប្អូនប្រតិបត្តិករដោះមីន គឺធំធេងណាស់ ហើយបានផ្តល់មកវិញនូវសុភមង្គលដល់ប្រទេសជាតិរបស់យើង បងប្អូនមិនត្រឹមតែជួយអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងជួយឱ្យបងប្អូនយើងមានដីសម្រាប់ប្រើប្រាស់ បង្កបង្កើនផល និងបង្កើនជីវភាពរស់នៅ។
សម្តេចធិបតីបានមានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ប្រតិបត្តិករដោះមីនទាំងអស់ ដែលបានចូលរូមរំដោះខេត្តកំពង់ស្ពឺ ចេញពីការគំរាមកំហែងដោយសារគ្រាប់មីនទាំងនេះ បេសកកម្មរបស់បងប្អូនគឺមានតម្លៃណាស់ ព្រោះថាគ្រាប់មីនមួយគ្រាប់ដែលបងប្អូនបានដោះ គឺស្មើនឹងជួយអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើងម្នាក់។