សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គ្រាប់មីន១គ្រាប់ ដែលបងប្អូនបានដោះ ស្មើជួយសង្រ្គោះជីវិតម្នាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្រាប់មីន១គ្រាប់ដែលបងប្អូនជាអ្នកចំនាញដោះមីនបានដោះស្មើជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋបានម្នាក់ ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានបញ្ជាក់ថា «បេសកកម្មរបស់នងប្អូនពិតជាគួរឱ្យគោរព គ្រាប់មីន១គ្រាប់ដែលបងប្អូនបានដោះស្មើជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋបានម្នាក់»។
សម្ដេចមហាបវរធិបតី ក៏បានបង្ហាញក្ដីសង្ឃឹមថា បេសកកម្មរំដោះមីនរបស់កម្ពុជា នឹងទទួលបានការគាំទ្រជាបន្តបន្ទាប់ទៀតពីវិស័យឯកជនដៃគូអភិវឌ្ឍន៍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិភាគទាននិងការគាំទ្រទាំងនេះគឺសុទ្ធតែជាកាយវិការដ៏ថ្លៃថ្លានិងគួរឱ្យកោតសរសើរទាំងសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាមនុស្សជាតិទាំងអស់មូល។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាននិងការគាំទ្រគ្រប់រូបភាពទាំងអស់ពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរ ជាតិដែលបានរួមចំណែកធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ខាងមុខ។
សូមបញ្ជាក់ថា គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ “កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ” ៕