សម្ដេចធិបតី៖ ជំរុញអោយអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ជំរុញអោយអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវខិតខំដោះស្រាយបញ្ហាដែលប្រឈម។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់សុទ្ធតែកម្រិតឧបនាយករដ្ឋមន្ត្រីឱ្យដឹកនាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យខាងតែបាន។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ គឺជាការជំរុញពន្លឿនការដោះស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ និងដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។ នេះជាវិធីសាស្ត្រដែលសង្គមកម្ពុជា បានអនុវត្តតាំងពីយូរលង់កន្លងមកហើយ។
ជាមួយនឹងការប្រកាសដាក់អោយប្រើប្រាស់នូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីននាថ្ងៃនេះ មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ៕