កម្ពុជា និងអូស្ដ្រាលី នឹងពង្រឹងបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរជាច្រើនឆ្នាំ និង បានពិភាក្សាអំពីវិធីស្វែងរកលទ្ធភាពកាន់តែទូលំទូលាយ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅលើវិស័យ ដែលមានសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន ទាំងពីរ។ ភាគីទាំងពីរ ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ រវាងក្រសួងការ បរទេសទាំងពីរ ដែលនឹងរៀបចំនៅកម្ពុជា នៅឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីចំពោះការគាំទ្រ និងការបន្តផ្តល់ ជំនួយដ៏ថ្លៃថ្លារបស់អូស្ត្រាលីដល់កម្ពុជា ក្នុងវិស័យនានា ជាពិសេស វិស័យកសិកម្ម អប់រំ និងសុខាភិបាល រួមទាំងការផ្តល់វ៉ាក់សាំងកូវីដ-១៩។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងប្តេជ្ញារិះរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការដើម្បីពន្លឿន បន្ថែមនូវការអភិវឌ្ឍជាតិកម្ពុជា។
ក្នុងវិស័យកសិកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ការសម្ភោធពូជស្រូវ ក្រអូបថ្មី “ចំប៉ីស ៧០” ដែលបានដាក់ឈ្មោះដោយ សម្ដេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី កាលពីឆ្នាំមុន។
ក្នុងវិស័យអប់រំភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សរួមទាំង ការកសាងសមត្ថភាពរបស់មន្ត្រីការទូតកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងនេះ ជិតស្និទ្ធរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងស្ថានទូតអូស្ត្រាលីនៅភ្នំពេញ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់អូស្ត្រាលី នៅក្រោមក្របខ័ណ្ឌអាស៊ាន និងបានបញ្ជាក់អំពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្តី នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងរៀបចំនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ ៕