កម្ពុជា-ជប៉ុន សង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ និងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទប្រកបដោយផ្លែផ្កាជាមួយ លោកជំទាវ កាមិកាវ៉ា យ៉ូកុ រដ្ឋមន្រ្តីការបរទេសជប៉ុន។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ និងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្រ្តក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានលើកដំឡើងទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់និងជំនួយអភិវឌ្ឍន៍ជាបន្តបន្ទាប់ របស់ជប៉ុនក្នុងការចូលរួមចំណែកដល់ដំណើរការសន្តិភាពកន្លងមក និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ៕