ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជួបក្រុមការងារបេសកកម្ម របស់មូលនិធិរូបិយវត្ថុអន្តរជាតិ
ភ្នំពេញ៖ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំបូកសរុបការងារជាមួយក្រុមការងារបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិនិត្យ និងពិភាក្សាអំពីរបាយការណ៍វាយតម្លៃ និងការវិវត្តថ្មីនៃគោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំបូកសរុបការងារជាមួយក្រុមការងារបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ, ក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ រូប។
កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យ និងពិភាក្សាអំពីរបាយការណ៍វាយតម្លៃ ក៏ដូចជាអនុសាសន៍ពាក់ព័ន្ធនឹងការអង្កេតសេដ្ឋកិច្ច និងការវិវត្តថ្មីនៃគោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
គួរបញ្ជាក់ជូនផងដែរថា បេសកកម្មនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំរវាងមូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រទេសសមាជិក ក្នុងគោលបំណងប្រមូលព័ត៌មានពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចងក្រងរបាយការណ៍វាយតម្លៃសម្រាប់ប្រទេសនីមួយៗ៕