កម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធនៃសម្ពាធខ្ពស់ពីចិន ធ្វើឲ្យបណ្ដាខេត្តមួយចំនួចអាចមានភ្លៀងធ្លាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក នឹងឧតុនិយម បានឲ្យដឹងនាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធនៃសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងការចាប់ផ្តើមទទួលនូវរបបខ្យល់មូសុងឦសាន។
ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា នឹងធ្វើឱ្យ បណ្តាខេត្តនៅប៉ែកខាងជើង ប៉ែកឦសាន និងបណ្ដាខេត្តនៅជាប់មាត់សមុទ្រ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។
ជាមួយគ្នានោះ នៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%។