១០ខែ ពន្ធដារ ប្រមូលចំណូលបានជាង ៣ពាន់លានដុល្លារ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទចូលជាតិ បានប្រមាណ ៣ ០០០លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ។ ចំណូលនេះ ស្មើនឹង៨៥,៧០ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។ ចំណូលជាតិនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមវត្តមានឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣០ តុលា។
ក្រៅពីការប្រមូលចំណូលខាងលើ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច ក៏សម្រេចបាននូវលទ្ធផលមួយចំនួន ផងដែរ។ ពោលចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៣ អគ្គដ្ឋានពន្ធដារ បានចុះបញ្ជីសហគ្រាសដោយជោគជ័យចំនួន១០ ១១៦សហគ្រាស។ ក្នុងនោះមាន៩ ១៨៩សហគ្រាស តាមថ្នាល CamDx។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ ចំពោះការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ ដែលសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរក្នុងរយៈពេល១០ខែមកនេះ។ ជាមួយគ្នានេះ លោកបានគាំទ្រលើការដាក់ចេញនូវចក្ខុវិស័យនៃការធ្វើបរិវត្តកម្មឌីជីថល រដ្ឋបាលសារពើពន្ធ (Tax Digital Transformation) ដើម្បីកែប្រែអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ទៅជារដ្ឋបាលសារពើពន្ធជំនាន់ ៣.០ (Tax Administration 3.0) ស្របទៅតាមបរិការណ៍វិវត្តនៃរដ្ឋបាលសារពើពន្ធក្នុងសកលលោក។
កាលឆ្នាំ២០២២ ពន្ធដារប្រមូលចំណូលចូលជាតិបាន ៣ ៤៥៥,១១លានដុល្លារ។ ចំណូលដែលពន្ធដារសម្រេចបាននេះ គឺលើសផែនការដល់ ២២,៥៤ភាគរយ នៃច្បាប់ប្រចាំឆ្នាំដែលកំណត់ដោយរដ្ឋាភិបាល៕