១ខែរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានទេសចរជាតិជាង ២ម៉ឺននាក់
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដែលមានរយៈពេលមួយខែពេញរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ បានទទួលទេសចរជាតិ សរុបចំនួន ២១ ២៤៥នាក់។
យោងសេចក្តីប្រកាសព័ត៌មានអាជ្ញាធរជាតិព្រះវិហារនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរចំនួន ៦ ២២៤នាក់ ។ក្នុងនោះ មានទេសចរជាតិចំនួន ៦ ២២៤នាក់ និងទេសចរបរទេស ចំនួន ៦៥០នាក់។ចំណែករមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវជាតិ ២១ ២៤៥នាក់។
គួរកត់សម្គាល់ថា ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ប្រាសាទព្រះវិហារស្ថិតក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ចំណែកប្រាសាទកោះកេរដែលស្ថិតនៅក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕