ឯកឧត្តម ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ ស្ដីពីការរៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា
ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការពិសេសចំពោះកិច្ច ដើម្បីពិនិត្យសិក្សារៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព ស្ដីពីការសិក្សារៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកាគណៈកម្មការពិសេសចំពោះកិច្ច និងជំនួយការគណៈកម្មការពិសេសចំពោះកិច្ចផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ស្នើឱ្យក្រុមការងារគណៈកម្មការពិសេសចំពោះកិច្ច រាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក នៅក្នុងការរៀបចំធ្វើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណ:កម្មការទី២ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការពិសេសចំពោះកិច្ច បានជម្រាបជូនថា អនុប្រធានគណ:កម្មការពិសេសចំពោះកិច្ច បានធ្វើការប្រជុំចុំនួន៣ដង និងក្រុមប្រឹក្សាអ្នកច្បាប់បានប្រជុំចំនួន២ដងហើយបានឯកភាពគ្នាធ្វើវិសោធនកម្មលើប្រការចំនួនបី និងធ្វើការកែប្រែឈ្មោះតាមគណ:កម្មការជំនាញនានាអោយត្រូវទៅនិងការវិត្តថ្មីរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាហើយស្របតាមការរីកចម្រើននៃបរិបទថ្មីនៃសង្គមនាពេលបច្ចុប្បន្ន។
បន្ទាប់ពីក្រុមការងារគណៈកម្មការពិសេសចំពោះកិច្ច រាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារដែលសម្រេចបាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការពិសេសចំពោះកិច្ច ក៏បានថ្លែងអំណរគុណជូន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា ព្រមទាំងជំនួយការទាំងអស់ ក្នុងគណៈកម្មការពិសេសចំពោះកិច្ច ដែលបានខិតខំធ្វើការសិក្សាស្រាវជ្រាវអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការរៀបចំធ្វើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវស្នើឡើងនៅពេលខាងមុខ មានអត្ថន័យខ្លឹមសារល្អប្រសើរ គ្រប់ជ្រុងជ្រោយ សមស្របតាមបរិបទជាក់ស្ដែងនៃសង្គមជាតិ សម្រាប់ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ និងសម្រេច ដាក់ចូលក្នុងសម័យប្រជុំរដ្ឋសភាធ្វើការពិភាក្សានិងអនុម័តនាពេលខាងមុខ ៕