គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល រៀបចំឡើង ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល
ភ្នំពេញ៖ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.) លើការងារបច្ចេកទេស និងគោលនយោបាយនៅក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៉ីនធឺណិត ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ដើម្បីជាការជំរុញ និងតម្រង់ទិសឆ្ពោះទៅកាន់ការកសាងរដ្ឋាភិបាលឌីជីថល។
សម្រាប់បច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះទី៥ និងជាមុំថ្មីបន្ថែមនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ហើយការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល គឺជាកិច្ចការអាទិភាពទី១ នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានគោលដៅផ្តោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដោយរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណជូនប្រជាជន និងវិស័យឯកជន ព្រមទាំងការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ ៕