សម្តេចធិបតី ឲ្យក្រសួងការងារ សហការជាមួយវិស័យឯកជន ផ្សព្វផ្សាយជូនពលរដ្ឋពីគោលនយោបាយ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងការងារ សហការជាមួយវិស័យឯកជន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគោលនយោបាយនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨ ១៩០ នាក់ នៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «គោលនយោបាយដែលយើងដាក់ចេញសម្រាប់បណ្ដុះបណ្ដាលបងប្អូនប្រជាពលរដ្ឋមួយលានប្រាំសែននាក់ ដែលការបណ្ដុះបណ្ដាលនេះគឺផ្ដោតទៅលើយុវជនកូនចៅប្រជាពលរដ្ឋអាយុ ១៥ ឆ្នាំឡើង ហ្នឹងហើយអ្នកដែលត្រូវទទួលផល ។ ចំពោះបងប្អូនកម្មករ កម្មការិនីក៏អាចទទួលផលបានដែរ ជាពិសេសធ្វើយ៉ាងណាជួយសម្រួលភាពងាយស្រួលដល់កម្មករ-កម្មការិ នីដែលកំពុងបំពេញការងារតាមរោងចក្រ សហគ្រាសនានា អាចមានពេលវេលាគ្រប់គ្រាន់ទទួលបានការបណ្ដុះបណ្ដាលនេះសំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កម្មករ»។
សម្តេចធិបតីថ្លែងថា នៅក្នុងរោងចក្រមួយបងប្អូនមិនបាច់ប្ដូរការងារ តែបងប្អូនអាចទទួលការបណ្ដុះបណ្ដាលបន្ថែម នៅមុខជំនាញដើម្បីឡើងតួនាទី ឡើងសមត្ថភាព ឡើងប្រាក់ខែរបស់ខ្លួន។ សម្ដេចថា ការបណ្ដុះបណ្ដាលនេះគឺមិនបង់លុយទេ ពិសេសគឺទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល បន្ថែមទៀតសម្រាប់អ្នកមានបណ្ណក្រីក្រ កូនចៅប្រជាពលរដ្ឋក្រីក្រ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា «យើងចង់បង្រៀនបងប្អូនឱ្យចេះស្ទូចត្រី ចៀសជាងយើងឱ្យត្រីតែគាត់ហូប ។ យើងក៏អាចរៀបចំនៅពេលយប់ នៅចុងសប្តាហ៍ដើម្បីឱ្យបងប្អូនកម្មការិនីយើងអាចទៅរៀនបាន»។
សម្តេចធិបតី លើកឡើងថា ការបណ្ដុះបណ្ដាលនេះមានមុខជំនាញ ៣៨ នៅក្នុងវិស័យចំនួន១០ ហើយមានមុខ ជំនាញ ៣៨ សម្រាប់បងប្អូនជ្រើសរើស។ សម្ដេចធិបតីថា ការងារបណ្ដុះបណ្ដាលនេះយើងដាក់ទិសដៅ «ចប់ ចេះ មានការងារ» ដែលបើត្រឹមតែមួយចប់ហើ យមិនចេះគឺយ៉ាប់ ដូចនេះ ត្រូវយកចិត្តទុកដាក់លើបញ្ហាគុណភាព និងជំជំនាញ៕