នាយករដ្ឋមន្ត្រី៖ ការរៀបចំផែនការគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនឆក់កណ្ដៀតតាមអារម្មណ៍ ឬគ្រាន់តែនិយាយឲ្យពិរោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាថ្មីម្ដងទៀតថា ការរៀបចំផែនការគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជាគោលនយោបាយឆក់កណ្ដៀតតាមអារម្មណ៍ ឬគ្រាន់តែនិយាយឲ្យពិរោះទេ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការរៀបចំផែនការ រៀបចំគោលនយោបាយ ផ្អែកទៅលើការសិក្សាគ្រប់ជ្រុងជ្រោយបងប្អូនត្រូវការអ្វីខ្លះ ប្រជាពលរដ្ឋយើងបានដើរដល់ណាហើយ យើងចង់ដើរទៅណាទៀត យើងត្រូវធ្វើអ្វីពីឥលូវទៅមុខ។ ការរៀបចំផែនការគោលនយោបាយនេះ គឺត្រឹមត្រូវហើយ មិនមែនឆក់កណ្ដៀតតាមអារម្មណ៍ទេ មិនមែនគ្រាន់តែនិយាយឲ្យពិរោះទេ ត្រូវមានមូលដ្ឋានសិក្សាអំពីគោលនយោបាយ កសាងឲ្យបានគ្រប់»។
សម្ដេចធិបតី បន្ថែមថា គណបក្សចេញនយោបាយ ដើម្បីរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សនោះ យកជាប្រទីបបំភ្លឺផ្លូវដើម្បីបម្រើប្រជាពលរដ្ឋ ហើយគណបក្សប្រជាជនកម្ពុជា បានចេញគោលនយោបាយ អនុវត្តគោលនយោបាយកន្លងទៅហើយ ដូច្នេះគណបក្សនឹងបន្ដអនុវត្ត។ សម្ដេចបន្ដថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយហើយនោះ ត្រូវតែបន្ដតាមដានការអនុវត្ត និងបូកសរុបលទ្ធផលនៃគោលនយោបាយនោះផងដែរ។
សម្ដេចធិបតី សង្កត់ធ្ងន់ថា គោលនយោបាយទាំងអស់ បានដាក់ចេញឡើងដោយផ្អែកតាមស្ថានភាពជាក់ស្ដែង និងបានចុះជួបដោយផ្ទាល់ សិក្សាផ្ទាល់ ប្រមូលព័ត៌មានដោយផ្ទាល់ទាំងសហជីព ទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បូកជាមួយវិស័យឯកជនផ្សេង ទើបរកឃើញនូវអ្វីដែលខ្លះដែលជាបញ្ហាត្រូវដោះស្រាយ។ ពោលរាជរដ្ឋាភិបាលអនុវត្តរបៀបនេះ លើគ្រប់វិស័យទាំងអស់ ៕