សម្ដេចធិបតី៖ បើមានឱកាសហើយ បងប្អូនត្រូវចាប់យកឱកាស រដ្ឋមិនអាចទទួលបន្ទុក ក្នុងការចេញជួយបងប្អូនបានទាំងអស់នោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានមានប្រសាសន៍ថា បងប្អូនដែលមានអាជីវកម្មខ្លួនឯង ឬប្រជាកសិករ គឺខិតខំធ្វើយ៉ាងណាដើម្បីចាប់យកឱកាស ដើម្បីរីកចម្រើនពង្រឹងខ្លួនឯង ខណៈរដ្ឋមានតែផ្ដល់គោលគំនិត និងគោលការណ៍។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨ ១៩០ នាក់ នៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «បើមានឱកាសហើយ បងប្អូនអត់ចាប់យកឱកាស រដ្ឋមិនអាចទទួលបន្ទុកនៅក្នុងការចេញជួយបងប្អូនបានទាំងអស់នោះទេ។ ប៉ុន្ដែរដ្ឋមានតែផ្ដល់គោលគំនិត គោលការណ៍ បានន័យថា ផ្ដល់ត្រី បង្រៀន ផ្ដល់សន្ទូច ដើម្បីឱ្យរកចាប់»។
សម្ដេចធិបតី លើកឡើងថា ប្រទេសយើងខ្លាំងទាល់តែប្រជាជនរស់រវើក ទាល់តែប្រជាជនមានសមត្ថភាព មានសុខភាពរឹងមាំ ហើយ សំខាន់ចេះឆក់យកឱកាសពង្រឹងសមត្ថភាពខ្លួន ពង្រឹងជីវភាពរស់នៅរបស់ខ្លួនទើបប្រទេសយើងរឹងមាំ។
សម្ដេចធិបតី បានថ្លែងអំណរគុណដល់បណ្ដារាជធានី ខេត្ដទាំងអស់ ដែលបានចូលរួមនៅក្នុងការកសាងប្រទេសរបស់យើង ថែរក្សាសុខសន្ដិភាព ស្ថិរភាព ខិតខំក្នុងការចូលរួមបង្កើននូវសមត្ថភាពរបស់ខ្លួន នៅក្នុងការជំរុញឱ្យកន្លែងការងារទាំងរោងចក្រ សហគ្រាស គ្រប់វិស័យទាំងអស់ ស្ថាប័នរដ្ឋ និងឯកជន អង្គការ ស្ថាប័ននានា ៕