ក្រសួងការងារ និងIOM នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)ប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍នៅកម្ពុជា។
ក្នុងជំនួបដែលធ្វើឡើងនាថ្ងៃរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗដែលអង្គការIOMបានគាំទ្រទាំងកម្រិតកម្ពុជា និងកម្រិតតំបន់ទន្លេរមេគង្គដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ និងសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការIOM ដែលគាំទ្រដល់កម្ពុជាលើគម្រោងPROMISE ក៏ដូចជាគម្រោងផ្សេងៗទៀត ដើម្បីឱ្យពលករទេសន្តរប្រវេសន៍កម្ពុជាទទួលបានលក្ខខណ្ឌការងារល្អ មានការគោរពសិទ្ធិនិងការពង្រឹងសមត្ថភាពជំនាញជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញទស្សនៈវិស័យរបស់ក្រសួងក្នុងអាណត្តិទី៧ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចង្អុលបង្ហាញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញដល់យុវជន និងកម្លាំងពលកម្មក្នុងទីផ្សារដែលមានស្រាប់ ក៏ដូចជាការពង្រីកនូវការថែទាំសុខភាពតាមរយៈរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងសមាជិកក្នុងបន្ទុករបស់កម្មករនិយោជិតដែលជាយុទ្ធសាស្ត្រពង្រឹងសុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយ។
ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានគាំទ្រ លើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកស្រីថា បានគិតគូពីផលប្រយោជន៍ពលរដ្ឋ ៕