ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករជិត ២មុឺននាក់ នៅក្រុងតាខ្មៅ
ភ្នំពេញ៖ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨,១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រោងចក្រ សហគ្រាសទាំង ២៩នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ២០, រោងចក្រផលិតផលធ្វើដំណើរ និងកាបូបចំនួន ៣, រោងចក្រដេរស្បែកជើងចំនួន ២, រោងចក្របោកគក់សម្លៀកបំពាក់ចំនួន ២, រោងចក្រប៉ាក់លើសម្លៀកបំពាក់ចំនួន ១ និងរោងចក្របោះពុម្ពលើសម្លៀកបំពាក់ចំនួន ១។
សូមបញ្ជាក់ថា នេះគឺជាលើកទី៨ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕