រដ្ឋបាលខេត្តព្រៃវែង ប្រកាសមិនយកថ្លៃផ្ញើកង់ ម៉ូតូ ឬរថយន្ត របស់សិស្សានុសិស្សជាបេក្ខជនប្រឡងបាក់ឌុប
ភ្នំពេញ៖ ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវង បានចេញសេចក្តីជូនដំណឹង ស្តីពីការពុំយកថ្លៃផ្ញើមធ្យោបាយធ្វើដំណើររបស់សិស្សានុសិស្សជាបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ក្នុងខេត្តព្រៃវែង។
នៅក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី២ ខែវិច្ឆិកានេះ រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់ ពិសេសមាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សជាបេក្ខជនត្រូវប្រឡង មេត្តាជ្រាបថា នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេស។ ជាមួយនេះ មាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សជាបេក្ខជនត្រូវប្រឡង អាចនឹងត្រូវបំលាស់ទីមកទីរួមខេត្ត និងតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលនៅឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង ដោយរួមជាមួយនឹងមធ្យោបាយធ្វើដំណើរផ្សេងៗ(កង់ ម៉ូតូ រថយន្ត…)។
រដ្ឋបាលខេត្តបញ្ជាក់ថា ដូចនេះ ដើម្បីជួយសម្រួលដល់ការចំណាយរបស់មាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សជាបេក្ខជន ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ រាល់ការផ្ញើមធ្យោបាយធ្វើ ដំណើរទាំងអស់(កង់ ម៉ូតូ រថយន្ត)របស់សិស្សានុសិស្សជាបេក្ខជននៅតាមមណ្ឌលប្រឡងក្នុងខេត្តព្រៃវែង ពុំតម្រូវឲ្យ មានការបង់ប្រាក់ឡើយ ហើយរាល់ការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្តព្រៃវែង៕