អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី បានធ្វើលិខិតមួយច្បាប់ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ករណីសំណើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយ។
កម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មានដូចខាងក្រោម៖
១. ណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣(បី)ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។
២.អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។
៣.លុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មានដែលបានចុះ បញ្ជីហើយមិនដំណើរការក្នុងរយៈពេល១(មួយ)ឆ្នាំ។ ដោយឡែក សម្រាប់ស្ថានីយទូរទស្សន៍ គ្រប់ប្រភេទទុកលទ្ធភាពជូនក្នុងរយៈពេល៣(បី)ឆ្នាំ ដោយសារប្រើទុនវិនិយោគច្រើន និងត្រូវសិក្សារយៈពេលយូរ៕