សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនខ្ចីបរទេស រហូតដល់វ័ណ្ឌកទេ គឺខ្ចីដើម្បីបម្រើសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កម្ពុជាមិនទៅខ្ចីបរទេស រហូតដល់វ័ណ្ឌកនោះទេ គឺខ្ចីមកដើម្បីបម្រើដល់សេដ្ឋកិច្ច ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលមុនគេថា ឲ្យតែសម្តេចតេជោ ហ៊ុន សែន ចេញទៅក្រៅប្រទេស គឺស្នើសុំកម្ចីជាថវិកា មកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ហើយគេជេរមិនចេះចប់ និងរិះគន់មិនចេះចប់ តែអ្នកជេរហ្នឹង ពេលស្ពានធ្វើហើយ ក៏គេប្រើដែរ។ ពេលសម្តេចតេជោ ខ្ចីលុយជប៉ុនយកមកធ្វើស្ពានគីសូណា អ្នកដែលជេរសម្តេចរឿងខ្ចីលុយ ស្ពានធ្វើហើយក៏ឆ្លងដែរ។
សម្តេចធិបតី បញ្ជាក់ថា «ដើម្បីប្រយោជន៍រួម យើងមិនមែនបាត់អធិបតេយ្យភាពទៅប្រទេសណាទេ។ ហើយយើងក៏គ្មានទៅខ្ចីបំណុល រហូតដល់ជំពាក់គេវ័ណ្ឌកដែរ។ លើពិភពលោក តិចបំផុតដែលថាប្រទេសអត់មានបំណុល។ ប្រទេសខ្លះអត់មានបំណុល ក៏ចេញបំណុលខ្ចីប្រជាពលរដ្ឋខ្លួនឯងដែរ។ ជប៉ុន អាមេរិក និងបារាំង (ខ្ចីគេ) ដូចតែគ្នាទេ ដើម្បីការវិនិយោគ។ ប៉ុន្តែ វិនិយោគដើម្បីទទួលខុសត្រូវ មិនមែនយកលុយមក ដើម្បីទិញឡាន ដើម្បីទិញកប៉ាល់ហោះ ដើម្បីទិញអ្វីអត់បម្រើការនោះទេ គឺយើងយកលុយមកដើម្បីវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធធំៗ បម្រើឲ្យសេដ្ឋកិច្ច បម្រើឲ្យជាតិរបស់យើង» ៕