ឆ្នេរតាបារាំង មានទឹករាក់ ខ្សាច់សក្បុស ខ្យល់អាកាសបរិសុទ្ធ ទេសភាពស្អាត ដែលជាទីទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត ម្តងហើយចង់ទៅម្តងទៀត
ភ្នំពេញ៖ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នេរតាបារាំង មានទឹករាក់ ខ្សាច់សក្បុស ខ្យល់អាកាសបរិសុទ្ធ ទេសភាពស្អាត ដែលជាទីទាក់ទាញភ្ញៀវទេសចរលេងកម្សាន្ត ម្តងហើយចង់ទៅម្តងទៀត។ នេះបើយោងតាមវិទ្យុជាតិកម្ពុជា។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ឆ្នេរខ្សាច់ស តាបារាំង ឬក៏គេច្រើនហៅថា ឆ្នេរតាបារាំង ពយតាបារាំង ស្ថិតនៅ ភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានសក្តានុពលសម្បូរបែប ដោយភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅទីនោះ អាចទស្សនាទេសភាពដ៏ស្រស់ត្រកាលសម្បូរបែប និងមានជាច្រើនទៀតដូចជា បោះជំរុំឬបោះតង់ គយគន់ថ្ងៃលិច ញុំាអាហារ ឆ្នេរសមុទ្រ ពិកនិច ទស្សនាឆ្នេរខ្សាច់ និងចំណុចផ្សេងៗទៀត ដែលជាទីទាក់ទាញភ្ញៀវទេសចរ។
លោកប្រធានមន្ទីរ បានបន្តថា ឆ្នេរនេះមានខ្សាច់សក្បុសប្រៀបបានទៅនឹងកោះរ៉ុងសន្លឹមផងដែរ រីឯការធ្វើដំណើរវិញគឺអាចបើកបរបានយ៉ាងងាយស្រួលតាមរយៈរថយន្ត ឬយានយន្ត ពោលគឺពុំចាំបាច់ជិះទូកដូចទៅកោះរ៉ុងឡើយ។
លោកប្រធានមន្ទីរ បានបន្តទៀតថា ទេសភាពនៅតាមផ្លូវទៅតំបន់ទេសចរណ៍នេះ ក៏ស្អាតខ្លាំង មិនធម្មតាផងដែរ ភ្ញៀវទេសចរអាចចុះថតរូបលេង ជាមួយវាលស្មៅខ្ពស់ទាបយ៉ាងក្រាស់ដេរដាស ។
« ឆ្នេរតាបារាំងមានភាពទាក់ទាញខ្លាំង ដោយទីនោះមានឆ្នេរ មានការថតរូប មុជទឹកលេងកម្សាន្ត និងមានសេវាកម្មម្ហូបអាហារ »។
លោកស្រី ស៊ឹង សុផារត្ន័ ជាភ្ញៀវដែលបានទៅលេងកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់ស.តាបារាំង បានប្រាប់វិទ្យុជាតិកម្ពុជាថា រមណីយដ្ឋានឆ្នេរមួយនេះ មានទេសភាពស្រស់ស្អាត មានបរិស្ថានល្អ មាន សន្តិសុខល្អ សុវត្ថិភាព ឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រខៀវស្រងាត់ និងមានទេសភាពព្រៃកោងកាងនៅតាមដងព្រែក ហើយភ្ញៀវអាចជិះទូកគយគន់មើលធនធានធម្មជាតិ ដោយភាពសប្បាយរីករាយ ជាពិសេសអាចរំសាយរាល់ទុក្ខកង្វល់ទាំងឡាយ។
សម្រាប់អ្នកចង់ទៅលេងនៅឆ្នេរតាបារាំង គួរតែសម្រេចចិត្តទៅ ព្រោះអីទេសភាពនៅទីនោះគឺស្អាតខ្លាំងមែនទែន ជាពិសេសទឹកសមុទ្រថ្លាឆ្វង់ ហើយពេលដែលយើងទៅដល់គឺធ្វើឲ្យយើងចង់ទៅលេងទឹកហ្នឹងតែម្ដង ហើយបើនិយាយពីកន្លែងស្នាក់នៅគេហៅថាបែបពិចនិកមានទាំងតង់ មានទាំងគ្រែ សម្រាប់គេង មានទាំងផ្ទះសម្រាប់គេង សម្រាប់អ្នកចង់ទៅលេងមិនពិបាកទេ នៅនោះមានតង់សំរាប់ជួល មានគ្រែសម្រាប់ជួល យើងចង់បោះតង់នៅលើឆ្នេរខ្សាច់ក៏បានដែរ ហើយសម្រាប់នៅពេលថ្ងៃនៅពេលដែលយើងទៅដល់ យើងគួរតែមានជាម្ហូបអាហារសម្រាប់ញ៉ាំដោយខ្លួនឯងកាន់តែល្អ ជាពិសេសយើងអាចវេចជាប្រភេទគ្រឿងសមុទ្រពីទីប្រជុំជនទៅ ហើយយើងនិយាយត្រឡប់មក ពីដំណើរកម្សាន្តរបស់យើងវិញ ពាក់ព័ន្ធទៅនឹងផ្លូវធ្វើដំណើរគឺអត់ពិបាកដូចកាលមុនទេកាលពីមុន ដែលយើងត្រូវធ្វើដំណើរឆ្លងទូកទើបអាចទៅដល់ឆ្នេរដ៏ស្រស់ស្អាតមួយនេះ ប៉ុន្តែបច្ចុប្បន្ន យើងមានផ្លូវកៅស៊ូ ហើយនៅពេលដែលទៅជិតដល់ឆ្នេរនោះ គឺយើងធ្វើដំណើរលើផ្លូវក្រួសក្រហមដែលមានស្ថានភាពមិនជាមានការលំបាកអ្វីទេ ហើយនៅពេលដែលយើងជិតទៅដល់គឺពេញចិត្តខ្លាំងមែនទែន នៅពេលជិតទៅដល់នោះ គឺមានព្រៃកោងកាង ដែលយើងអាចធ្វើការថតរូបបាន និងពេលយប់បើសិនជាយើងមានគ្នាច្រើន យើងអាចធ្វើការស្ទូចត្រីឬក៏ទៅចាប់ក្ដាម តាមតំបន់ដែលនៅជាប់ឆ្នេរនោះបានទៀតផង ។
សូមបញ្ជាក់ថា ឆ្នេរខ្សាច់ស តាបារាំង ឬក៏គេច្រើនហៅថា ឆ្នេរតាបារាំង ពយតាបារាំង មានទីតាំងស្ថិតនៅ ភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផ្លូវចូលតាមចំការដូងប្រេង ម៉ុងរិទ្ធី កែវផុស មានចម្ងាយត្រឹមតែ ១៩០គីឡូម៉ែត្រ ពីភ្នំពេញ និងមានចម្ងាយប្រហែល ៥៣គីឡូម៉ែត្រ ពីរង្វង់មូលតោពីរ ក្រុងព្រះសីហនុ៕