រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះធ្វើទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងស្ថានីយបង់ប្រាក់ទី១ “ភ្នំពេញ”
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះធ្វើទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងស្ថានីយបង់ប្រាក់ទី១ “ភ្នំពេញ” ដើម្បីស្វែងយល់បន្ថែមអំពីប្រតិបត្តិការ និងការអនុវត្តការងារប្រចាំថ្ងៃ របស់ក្រុមហ៊ុន ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ ឯ.ក (Cambodian PPSHV Expressway Co., Ltd.)។
មជ្ឈមណ្ឌលនេះ គឺជាមណ្ឌលកណ្តាលបណ្តុំនូវការងាររដ្ឋបាល និងការងារគ្រប់គ្រងដំណើរប្រតិបត្តិការ លើខ្សែផ្លូវល្បឿនលឿនទាំងមូល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងសេវាកម្មល្អសម្រាប់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។
ក្នុងនោះដែរការងារចម្បងធំៗចំនួន៤ របស់មជ្ឈមណ្ឌលគឺ៖ ១.ត្រួតពិនិត្យស្ថានភាពផ្លូវជាប្រចាំ, ២. ត្រួតពិនិត្យ និងសម្រួលចរារចណ៍, ៣. ត្រួតពិនិត្យការងារទូទាត់ប្រាក់តាមបញ្ជរ និង៤. ការងារឆ្លើយតបនឹងសេវាកម្ម Hotline ១៣៩៩ ៕