អាជ្ញាធររាជធានីភ្នំពេញ ប្រកាសផ្អាកអាជីវកម្មផ្សេងៗជាបណ្ដោះអាសន្ន នៅជុំវិញមណ្ឌលប្រឡងសញ្ញាបត្របាក់ឌុប
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងសម្រេចឲ្យផ្អាកជាបណ្ដោះអាសន្ន អាជីវកម្មផ្សេងៗដែលបើកនៅជុំវិញមណ្ឌលប្រឡងទាំង៣១ នៅក្នុងរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ដើម្បីជៀសវាងការរំខាន់ដល់ការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។
យោងតាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្ដោះអាសន្នអាជីវកម្មមួយចំនួន នៅជុំវិញមណ្ឌលប្រឡងដូចខាងក្រោម៖
ទី១៖ ផ្អាកជាបណ្ដោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទី២៖ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញ បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទី៣៖ ដោយឡែកទីតាំងអាជីវកម្មផ្សេងទៀត ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេងដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។
ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ មេត្តាយោគយល់ ហើយក្រោយបញ្ចប់ការប្រឡងនេះ អាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជា ធម្មតាឡើងវិញ៕