កម្លាំងអធិការស្រុកព្រះនេត្រព្រះ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ក្នុងចំណោម ១៣នាក់ ករណីលួចកាប់ធុងក្លាសេ ដេីម្បីយកភេសជ្ជ:គ្រឿងកំប៉ុង
ភ្នំពេញ៖ ក្រោមការដាក់បញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ក្នុងចំណោម ១៣នាក់ រួមនិងវត្ថុតាង កសាងសំណុំរឿងបញ្ជូនអនុវត្តតាមនីតិវិធី និងស្រាវជ្រាវរកបក្សពួកដែលនៅសេសសល់ ក្នុងករណីលួចកាប់ធុងក្លាសេ ដេីម្បីយកភេសជ្ជ:គ្រឿងកំប៉ុងក្នុងធុងក្លាសេ នៅភូមិទានកាំជេីង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្រោយពេលទទួលបានព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង១២និង២០នាទីយប់ កម្លាំងជំនាញនគរបាលយុត្តិធម៌ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ទាំង៩ ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យ ចំនួន ២នាក់ មកសាកសួរនៅកន្លែងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ។ ក្នុងពេលសួរយកចម្លើយ ជនសង្ស័យទាំង ២នាក់បានសារភាពថា ពួកខ្លួនមានគ្នាចំនួន ១៣នាក់ បាននាំគ្នាធ្វេីសកម្មភាពលួចយកធុងក្លាសេ ដេីម្បីកាប់ធុងកន្លែងចាក់សួរ យកភេសជ្ជ:គ្រឿងកំប៉ុងក្នុងធុងក្លាសេ ហើយជនសង្ស័យទាំង ២នាក់នោះ ធ្លាប់ធ្វេីសកម្មភាពកាប់ធុងក្លាសេយកភេសជ្ជ:គ្រឿងកំប៉ុង នៅខាងលិចវត្តខ្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ កាលពីខែ៩ ឆ្នាំ២០២៣ ប្រាកដមែន។ កម្លាំងជំនាញ ក៏សហការជាមួយកម្លាំងប៉ុស្តិ៍ ស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធ បានចំនួន ៨នាក់បន្ថែមទៀត។ ចំណែកបក្សពួក ៣នាក់ទៀតគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ បានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕