FAO និង UNDP ចូលរួមគាំទ្រនិងសម្រេចចិត្តភាពជាដៃគូគ្មានប្លាស្ទិកជាមួយក្រសួងបរិស្ថាន
ភ្នំពេញ៖ អង្គការអន្តជាតិធំៗចំនួន២ គឺអង្គការស្បៀងអាហារនិងកសិកម្ម FAO និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានប្តេជ្ញាចិត្តចូលរួមសហការ និងចុះហត្ថលេខាចូលរួមការងារអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» នៅក្នុងពិធីចុះហត្ថលេខាស្តីពី ភាពជាដៃគូគ្មានប្លាស្ទិក នាថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរា ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ធំៗទាំង២ ដែលបានរួមចំណែកក្នុងការងារអាទិភាពរបស់ក្រសួងបរិស្ថាន ឱ្យសម្រេចបានទិសដៅរួមជាមួយគ្នាក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលជាក្តីកង្វល់ជាសកលរបស់យើងទាំងអស់គ្នា។
ជាមួយនឹងក្តីកង្វល់នេះ FAO, UNDP និងក្រសួងបរិស្ថាន បានចាប់ដៃគ្នា ឆ្លើយតបនឹងការគំរាមគំហែងពីសំណល់ប្លាស្ទិក ដោយយើងមានសិស្សានុសិស្សជាង ២លាននាក់ចូលរួមជាមួយរួចទៅ នឹងបន្តទៅកម្មករ កម្មការនី ព្រះសង្ឃ និងប្រជាពលរដ្ឋអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា។ លើសពីនេះ ចលនាស្អាតក៏ទទួលការគាំទ្រពីកាកកបាទក្រហមកម្ពុជា ដែលជាកម្លាំងចិត្តសម្រាប់ក្រុមអ្នកស្រឡាញ់ភាពស្អាតបន្តកិច្ចការងារនេះ ដោយបេះដូង ឱ្យទទួលបានភាពជោគជ័យ។
គួររម្លឹកជូនថា ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំយុទ្ធសាស្ត្រចក្រាបរិស្ថាន ឆ្នាំ២០២៣-២០២៨ នឹងគ្រោងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្នុងគោលបំណងតម្រង់ទិសដើម្បីអនុវត្តការងារអាទិភាពក្នុងមុំអាទិភាពចំនួនបីគឺ៖ ស្អាត បៃតង និងចីរភាព ឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតកាបូន ៕