សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងខេត្តសៀមរាប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក។
មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើងលើទឹកដីសៀមរាបអង្គរពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី (Imagine Possibilities)»។
ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧ របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការសម្រេចប្រកបដោយសុភនិច្ឆ័យរបស់លោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និងលោកស្រី Chempaka Emalin Pahamin ប្រធានកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសង្កេតឃើញពីការរីកចម្រើន និងការកើនឡើងសមាជិក FAPW នៅកម្ពុជាផ្ទាល់។
ការទទួលធ្វើជាម្ចាស់ផ្ទះនេះជាបទពិសោធន៍ដ៏មានសារៈ សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ។
មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ សម្រាប់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព និងទទួលដឹងឮពីសមិទ្ធផលដែលសមាគមមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេច បានកន្លងមក លើកិច្ចការងារជួយកុមារី យុវតី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGS) ហៅកាត់ថា FAPW គឺជា ក្រុមអ្នកគាំទ្រដ៏ខ្ពង់ខ្ពស់សម្រាប់លើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយលោកស្រីបណ្ឌិត Juseon Byun និងមានម្ចាស់ក្សត្រី Azizah of Pahang ជា ព្រះប្រធានកិត្តិយស។ គិតត្រឹមឆ្នាំ២០២៣នេះ សម្រាប់ប្រទេសកម្ពុជា មានសមាជិក FAPW សរុបចំនួន ២៣៩រូប ដោយមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាសមាជិកគាំទ្រថ្នាក់មាស (Gold Supporter) របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតែងតែបានលះបង់ព្រះរាជទ្រព្យផ្ទាល់ព្រះកាយទ្រង់ចូលរួមក្នុងចលនានេះជារៀងរហូតមក ក្នុងព្រះរាជបំណងរួបរួមគ្នា ជួយសហគមន៍ សង្គមជាតិ និងពិភពលោក ជាពិសេសស្ត្រីវ័យក្មេង កុមារី យុវតី ឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលជាសមាជិក FAPW ថ្នាក់ Gold Award កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក និងប៉ាតាយ៉ា ក្នុងកិច្ចប្រជុំ មិត្តកាយឫទ្ធិតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៨។ ដោយមានការគាំទ្រជាបន្តបន្ទាប់ពីសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) សមាគមកាយឫទ្ធិនារីតំបន់ អាស៊ីប៉ាស៊ីហ្វិក និងមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW ) ទន្ទឹមនឹងការប្រោសព្រះរាជទានទំនុកបម្រុងគាំទ្រចង្អុលបង្ហាញបំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមាគមកាយ ឫទ្ធិនារីកម្ពុជា។
សមាគមកាយឫទ្ធិនារីកម្ពុជា បានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់សមាគម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិ នារីពិភពលោក (WAGGGS) គឺការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលមាន ការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យជាក់លាក់មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។
ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកម្នាក់ៗ ដោយមិនមានការបង្ខិត បង្ខំក្នុងរូបភាពណាមួយឡើយ និងមិនមានប៉ះពាល់ដល់ការសិក្សា ឬបំពេញការងាររបស់សមាជិកម្នាក់ៗ នោះទេ។ បន្ថែមពីលើនេះ ចលនាកាយឫទ្ធិនារី មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយរីករាយ សម្រាប់ កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយដែលផ្តល់ឱកាសឱ្យកុមារីនិងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហា សង្គម និងការអភិវឌ្ឍប្រទេសជាតិ ៕